គ្រូបង្វឹកឥណ្ឌា៖ កម្ពុជាពិតជាមានការរីកចម្រើន ហើយពិបាកយកឈ្នះមែន

រង្វាន់ប្រាក់បង្វិលសង ១០០% សម្រាប់ល្បែងកីឡា

នៅក្នុងសន្និសីទកាសែតក្រោយយកឈ្នះម្ចាស់ផ្ទះកម្ពុជា ៣-២ យប់មិញ លោក Stephen Constantine គ្រូបង្វឹកក្រុមឥណ្ឌា បានសម្តែងការកោតសរសើរចំពោះក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់គ្រូថ្មីលោក Leonardo Luiz ស្របពេលគ្រូបង្វឹកក្រុមម្ចាស់ផ្ទះរូបនេះ បានត្រឹមសុំទោសអ្នកគាំទ្រ ដែលដឹកនាំក្រុមប្រកួតដំបូងទទួលលទ្ធផលមិនបានល្អ ។

លោក Stephen Constantine បាននិយាយថា កម្ពុជាពិតជាមានការរីកចម្រើន ហើយពិបាកយកឈ្នះមែន។ លោកបានអបអរសាទរ ចំពោះភាពរីកចម្រើននេះ និងជូនពរក្រុមជម្រើសជាតិកម្ពុជា ឲ្យកាន់ជោគជ័យ ក្នុងបេសកកម្មផ្សេងៗ ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិទៀតផង។

ចំណែកគ្រូសញ្ជាតិប្រេស៊ីលលោក Leonardo Luiz បានថ្លែងថា ពិតណាស់អ្នកគាំទ្រដ៏ច្រើន ច្បាស់ជាចង់ឃើញជម្រើសជាតិខ្លួនឈ្នះ ប៉ុន្តែនេះ ជាបាល់ទាត់ ដែលអាចមានការប្រែប្រួលគ្រប់ពេល ដូច្នេះខ្លួនពិតជាសុំទោសអ្នកគាំទ្រកម្ពុជា។ ប៉ុន្តែយ៉ាងណាលោកគិតថា កីឡាករកម្ពុជាពិតជាធ្វើបានល្អហើយ ទោះបីនៅខ្វះខាតបន្តិចបន្តួចក៏ដោយ។

សូមបញ្ជាក់ថា ការប្រកួតមិត្តភាពយប់មិញ គឺធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាព សម្រាប់ត្រៀមយុទ្ធនាការចូលរួមប្រកួតវគ្គជម្រុះពានរង្វាន់ Asian Cup 2019 នាចុងខែមីនានេះ ក្នុងនោះក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិហ្ស៊កដានី ក្នុងពូលC ខណៈក្រុមជម្រើសជាតិឥណ្ឌា ត្រូវជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក្នុងពូលA នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះដូចគ្នា៕